របបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មត្រូវបានរៀបចំឡើងក្នុងគោលបំណងតម្រូវឱ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានធ្វើការត្រួតពិនិត្យដោយខ្លួនឯងជាមុនតាមប្រព័ន្ធព័ត៌មានវិទ្យានូវការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារដើម្បីចូលរួមលើកកម្ពស់វប្បធម៌អនុលោមភាពការងារ។
របបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មអនុវត្តចំពោះគ្រប់សហគ្រាស គ្រឹះស្ថានដែលស្ថិតនៅក្រោមដែនអនុវត្តនៃច្បាប់ស្ដីពីការងារ។
ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានមានកាតព្វកិច្ចស្វ័យប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ធស្វ័យប្រវត្ដិកម្មចំនួន ២ (ពីរ) លើកក្នុងមួយឆ្នាំ គឺលើកទី១ ឱ្យបានមុនដំណាច់ខែមិថុនា និងលើកទី២ ឱ្យបានមុនដំណាច់ខែធ្នូ នៃឆ្នាំនីមួយៗ តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh និងត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានក្នុងរបាយការណ៍នៃរបបស្វ័យប្រកាសអធិការកិច្ចការងារឱ្យបានរួចរាល់ មុនកាលបរិច្ឆេទនៃការចុះធ្វើអធិការកិច្ចការងារសាមញ្ញ។
ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវមានគណនីសហគ្រាសដែលបានចុះឈ្មោះក្នុងប្រព័ន្ធ https://lacms.mlvt.gov.kh/ ដោយបំពេញអ៊ីម៉ែលក្នុងឈ្មោះអ្នកប្រើប្រាស់(Username) និងពាក្យសម្ងាត់ (Password) ដែលបានបង្កើតក្នុងប្រព័ន្ធLACMS រួចចុចប៊ូតុង "ចូល" ដើម្បីចូលក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មតាមកាលកំណត់ឱ្យបានត្រឹមត្រូវដោយការទទួលខុសត្រូវ និងសុចរិតភាព។ ក្នុងករណីល្មើសណាមួយនឹងទទួលរងការចាត់វិធានការពីអធិការការងារ។
ប្រសិនបើជាអាជីវកម្មឬសេវាកម្មក្នុងស្រុកមិនពាក់ព័ន្ធនឹងការនាំចេញ សូមជ្រើសរើស "មិននាំចេញ", ករណីជាអាជីវកម្មពាក់កណ្តាលសម្រេចសម្រាប់បម្រើឱ្យសហគ្រាស គ្រឹះស្ថាននាំចេញ សូមជ្រើសរើស "បម្រើឱ្យការនាំចេញ", ករណីនាំចេញដោយផ្ទាល់សូមជ្រើសរើស "នាំចេញ"
"សូមបំពេញឈ្មោះធនាគារដែលប្រើប្រាស់ ឈ្មោះនិងលេខគណនីធនាគាររបស់ក្រុមហ៊ុន។ ព័ត៌មាននេះ សម្រាប់អធិការការងារប្រើប្រាស់ក្នុងករណីចាំបាច់ ដើម្បីការពារអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត។ "
សូមបំពេញផលិតផលចម្បងជាក់ស្តែងរបស់សហគ្រាស គ្រឹះស្ថាន។ ឧទាហរណ៍ ដេរស្បែកជើងកីឡា ដេរមួក។ ករណីជាសេវាកម្ម សូមបំពេញពាក្យ "គ្មាន"។
សូមជ្រើសរើសម៉ាករបស់ផលិតផលដែលផលិតជាក់ស្តែង។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអាចជ្រើសរើសបានច្រើនលើសពីមួយ ករណីមិនមានក្នុងជម្រើសទេ សូមជ្រើសរើសយកផ្សេងៗ រួចបំពេញឈ្មោះម៉ាកផលិតផលនោះ និងបញ្ជាក់ភាគរយអំពីម៉ាកនៃផលិតផលនីមួយៗ។
សូមបំពេញប្រទេសគោលដៅនាំចេញនីមួយៗ និងចំនួនភាគរយនាំចេញទៅតាមប្រទេសនីមួយៗ ដោយមិនត្រូវបំពេញសរុបតាមទ្វីប ឬតំបន់នោះឡើយ
"១-គ្មានសាខា/ក្រុមហ៊ុនមេ/មិនមែនជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន សំដៅដល់ក្រុមហ៊ុនទោលតែឯង ដែលពុំមានសាខា និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុននេះគឺជារូបវន្តបុគ្គល ករណីម្ចាស់ភាគហ៊ុននៃក្រុមហ៊ុននេះជានីតិបុគ្គល(ក្រុមហ៊ុន) នោះនីតិបុគ្គលដែលជាម្ចាស់ភាគហ៊ុននេះកាន់កាប់ភាគហ៊ុនតិចជាង ៥១% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន (មាត្រា២ថ្មី កថាខណ្ឌទី៥ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម)។ ២-ជាក្រុមហ៊ុនដើម សំដៅដល់ក្រុមហ៊ុនដែលមានសាខាមួយឬច្រើនចំណុះឱ្យខ្លួន (សាខាពុំមានបុគ្គលភាពគតិយុត្តនោះទេ និងភ្ជាប់ខ្លួនទៅនឹងក្រុមហ៊ុនដើម មានចែងក្នុងមាត្រា២៧០ថ្មី នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម)។ នៅក្នុងច្បាប់ស្តីពីការងារ សាខាត្រូវបានហៅថាគ្រឹះស្ថាន (មាត្រា២ កថាខណ្ឌទី២ និងទី៣ នៃច្បាប់ស្តីពីការងារ)។ ៣-ជាក្រុមហ៊ុនមេ សំដៅដល់ក្រុមហ៊ុនដែលមានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនដទៃផ្សេង ហើយចំនួនភាគហ៊ុនដែលមានកាន់កាប់នៅក្នុងក្រុមហ៊ុនដទៃផ្សេងនេះគឺមានចំនួនភាគច្រើននៃសិទ្ធិបោះឆ្នោត ឬចាប់ពី៥១% នៃភាគហ៊ុនសរុបនៃក្រុមហ៊ុនដទៃផ្សេងនេះ។ ក្រុមហ៊ុនដទៃផ្សេងនេះ ត្រូវបានហៅថាជាបុត្រសម្ព័ន្ធ (មាត្រា២ថ្មី កថាខណ្ឌទី៥ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម)។ ឧ. ក្រុមហ៊ុន ក មានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន ខ ចំនួន ៥១% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន ខ ។ ដូច្នេះ ក្រុមហ៊ុន ក ជាក្រុមហ៊ុនមេ និង ក្រុមហ៊ុន ខ ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ក ។ ៤-ជាសាខាក្រុមហ៊ុនក្នុងស្រុក សំដៅដល់សាខា ឬគ្រឹះស្ថាន ដែលត្រូវបានបង្កើតដោយក្រុមហ៊ុនដើមជាក្រុមហ៊ុនក្នុងស្រុក ដែលក្រុមហ៊ុនដើមនេះត្រូវបានបង្កើតនិងចុះបញ្ជីក្រោមច្បាប់នៃប្រទេសកម្ពុជា។ សាខានេះពុំមានបុគ្គលភាពគតិយុត្តដាច់ដោយឡែកពីក្រុមហ៊ុនដើមនោះឡើយ និងនាមករណ៍របស់សាខាគឺជានាមករណ៍របស់ក្រុមហ៊ុនដើមក្នុងស្រុក។ ៥-ជាបុត្រសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក សំដៅដល់ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនមេក្នុងស្រុក ហើយដែលក្រុមហ៊ុនមេកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតភាគច្រើន ឬលើសពី៥១% នៃក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធនេះ។ ក្រុមហ៊ុនមេក្នុងស្រុក ជាក្រុមហ៊ុនដែលបង្កើតនិងចុះបញ្ជីស្របតាមច្បាប់នៃប្រទេសកម្ពុជា។ ៦-ជាសាខាក្រុមហ៊ុនពាណិជ្ជកម្មបរទេស សំដៅដល់សាខា ឬគ្រឹះស្ថាន ដែលបង្កើតឡើងដោយក្រុមហ៊ុនពាណិជ្ជកម្មបរទេស។ ក្រុមហ៊ុនពាណិជ្ជកម្មបរទេស ជាក្រុមហ៊ុនដែលបង្កើតឡើងនិងចុះបញ្ជីក្រោមច្បាប់នៃប្រទេសដទៃ ហើយមានទីតាំងធ្វើពាណិជ្ជកិច្ចក្នុងប្រទេសកម្ពុជា (មាត្រា២៧១ថ្មី នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម)។ សាខានេះពុំមានបុគ្គលភាពគតិយុត្តដាច់ដោយឡែកពីក្រុមហ៊ុនដើមនោះឡើយ និងនាមករណ៍របស់សាខាគឺជានាមករណ៍របស់ក្រុមហ៊ុនដើមដែលនៅឯបរទេស។ ៧-ជាបុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេស សំដៅដល់ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនមេដែលជាក្រុមហ៊ុនពាណិជ្ជកម្មបរទេស ហើយដែលក្រុមហ៊ុនពាណិជ្ជកម្មបរទេសនេះត្រូវកាន់កាប់ភាគហ៊ុនយ៉ាងតិច ៥១% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ។ ក្រុមហ៊ុនពាណិជ្ជកម្មបរទេស ជាក្រុមហ៊ុនដែលបង្កើតឡើងនិងចុះបញ្ជីក្រោមច្បាប់នៃប្រទេសដទៃ ហើយមានទីតាំងធ្វើពាណិជ្ជកិច្ចក្នុងប្រទេសកម្ពុជា (មាត្រា២៧១ថ្មី នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម)។"
ការិយភារីគឺជា (អ្នកម៉ៅការបន្ត) ជាអ្នកទទួលការពីសហគ្រិន ជ្រើសរើសកម្មករហត្ថពលិកដោយខ្លួនឯងតាមត្រូវការដើម្បីប្រតិបត្តិការងារឬផ្តល់សេវាណាមួយដោយគិតថ្លៃសរុប។
សមាគមនិយោជក មានន័យថា ជាអង្គការវិជ្ជាជីវៈដែលបង្កើតឡើងដោយនិយោជក។ សូមជ្រើសរើសឈ្មោះសមាគមដែលមានក្នុងប្រព័ន្ធ ករណីជាសមាជិកសមាគមផ្សេង សូមជ្រើសរើសផ្សេងៗ រួចបំពេញឈ្មោះជាអក្សរឡាតាំង។
ជាសមាជិកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) សម្រាប់សហគ្រាស គ្រឹះស្ថានស្ថិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។ ករណីមានសូមជ្រើសរើស "មាន", ករណីគ្មានសូមជ្រើសរើស "គ្មាន"
ត្រូវបំពេញព័ត៌មានម្ចាស់ភាគហ៊ុនបច្ចុប្បន្ន របស់សហគ្រាស គ្រឹះស្ថាន ស្របតាមលក្ខន្តិកៈក្រុមហ៊ុន។ ករណីម្ចាស់ភាគហ៊ុនមានលើសពីម្នាក់ សូមចុចប៊ូតុង "Add" ដើម្បីបញ្ចូលសមាសភាពបន្ថែម។
ការធ្វើបច្ចុប្បន្នភាពព័ត៌មានទូទៅរបស់សហគ្រាស គ្រឹះស្ថាន សំដៅដល់ការបានធ្វើបច្ចុប្បន្នភាពព័ត៌មានទូទៅរបស់សហគ្រាស គ្រឹះស្ថាន មានជាអាទិ៍ ក្នុងករណីមានការផ្លាស់ប្តូរម្ចាស់ នាយក ឬអាសយដ្ឋាន រដ្ឋបាល លេខទូរសព្ទ អ៊ីម៉ែល និងចំនួនកម្មករនិយោជិត ហើយការធ្វើបច្ចុប្បន្នភាពនេះប្រព្រឹត្តទៅលើប្រព័ន្ធ LACMS។
ចំនួនកម្មករនិយោជិតសរុប គឺត្រូវបំពេញចំនួនកម្មករនិយោជិតពេញសិទ្ធិសរុប និងកម្មករនិយោជិតសាកល្បងក្នុងសហគ្រាស គ្រឹះស្ថាន គិតត្រឹមថ្ងៃដែលធ្វើស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ជាមួយនេះ ចំនួនកម្មករនិយោជិតសរុប ក្នុងចំណុច ២.១ នឹងបង្ហាញនៅចំណុច ៣.៧, ចំណុច៣.៨ ,ចំណុច៤.២ និងបណ្ដាចំណុចផ្សេងទៀតដែលពាក់ព័ន្ធនឹងចំនួនកម្មករនិយោជិត។
នីតិបុគ្គលដែលមានកម្មករនិយោជិតចាប់ពី ១០០នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចជ្រើសរើសជាជនមានពិការភាពចំនួន ១ភាគរយ នៃកម្មករនិយោជិតសរុប (មាត្រា៦ នៃអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្ដីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ) ។ ករណីក្រុមហ៊ុនមានសាខា ដែលចំនួនកម្មករនិយោជិតក្រោម ១០០នាក់ ការរាប់ចំនួនកម្មករនិយោជិតជាប់កាតព្វកិច្ចត្រូវបូកបញ្ចូលគ្នា។
ករណីមិនអាចជ្រើសរើសបាន សហគ្រាស គ្រឹះស្ថានត្រូវបង់ភាគទានចូលហិបមូលនិធិជនពិការជាប្រាក់ស្មើនឹង ៤០ (សែសិប) ភាគរយ នៃប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករនិយោជិតក្នុងមួយខែ សម្រាប់កម្មករនិយោជិតជាជនពិការ ១ (មួយ) នាក់ ដែលជាប់កាតព្វកិច្ច (មាត្រា១៥ នៃអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្ដីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ)។
"វិស្វករ សំដៅដល់រូបវន្តបុគ្គលខ្មែរ និងបរទេសដែលបានបញ្ចប់ការសិក្សាជំនាញវិស្វកម្មដោយជោគជ័យនៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស ហើយមានការទទួលស្គាល់សញ្ញាបត្រស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា (មាត្រា៤ថ្មី នៃ ព្រះរាជក្រឹត្យ នស/រកត/០២១៦/១៨៤ ស្តីពីការកែសម្រួលមាត្រា៣ មាត្រា៤ និងមាត្រា២២ នៃព្រះរាជក្រឹត្យ ស្ដីពីការបង្កើតគណៈវិស្វករកម្ពុជា។ ការប្រកបវិជ្ជាជីវៈវិស្វកម្ម ត្រូវចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដែលលក្ខខណ្ឌនិងបែបបទ មានកំណត់នៅក្នុងសេចក្ដីសម្រេចលេខ ២៤១/១៩ គ.វិ.ក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីលក្ខខណ្ឌ និងបែបបទនៃការចុះបញ្ជី វិស្វករចុះបញ្ជីដំបូង វិស្វករអាជីព យុវវិស្វករអាស៊ាន វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន។ វិស្វករចុះបញ្ជីនឹងត្រូវទទួលបាន ការបណ្តុះបណ្តាលបំប៉នសមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈ បទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបតាមរយៈ ស្ថាប័នវិស្វកម្មនានាឱ្យកាន់តែប្រសើរ និងមានឱកាសទូលំទូលាយក្នុងការទទួល និងបង្កើតការងារ ដើម្បីជាប្រយោជន៍ខ្លួន គ្រួសារ និងសង្គមជាតិ។ ចំពោះរាល់កម្មសិទ្ធិបញ្ញា និងផលប្រយោជន៍ស្របច្បាប់ របស់វិស្វករចុះបញ្ជីត្រូវបានការពារ។"
កាលបរិច្ឆទបើកដំណើរការសហគ្រាស គ្រឹះស្ថានត្រូវបំពេញយោងតាមកាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម ឬលិខិតអនុញ្ញាតតាមសកម្មភាពអាជីវកម្មរបស់សហគ្រាស គ្រឹះស្ថាន។
"- ករណីសហគ្រាស គ្រឹះស្ថានមានប្រើប្រាស់កម្មករនិយោជិតក្រោម ៨នាក់ ត្រូវជាប់កាតព្វកិច្ចធ្វើសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស, សៀវភៅបញ្ជីប្រចាំសហគ្រាស, សៀវភៅបើកប្រាក់/បញ្ជីបើកប្រាក់ឈ្នួលតាមប្រព័ន្ធកុំព្យូទ័រ។ - ករណីសហគ្រាស គ្រឹះស្ថានមានប្រើប្រាស់កម្មករនិយោជិតចាប់ពី ៨នាក់ឡើងទៅ ត្រូវជាប់កាតព្វកិច្ចធ្វើសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស, សៀវភៅបញ្ជីប្រចាំសហគ្រាស, សៀវភៅបើកប្រាក់/បញ្ជីបើកប្រាក់ឈ្នួលតាមប្រព័ន្ធកុំព្យូទ័រ, និងបទបញ្ជាផ្ទៃក្នុង។"
សហគ្រាស គ្រឹះស្ថានអាចបន្តប្រើប្រាស់បែបបទសហគ្រាសស្តីពីសហគ្រាសដែលមានចុះបញ្ជិកាជា Hard copy កន្លងមក លើកលែងតែសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាសដែលតម្រូវឱ្យរៀបចំឡើងវិញតាមប្រព័ន្ធ LACMS ដើម្បីមានទិន្នន័យរួមក្នុងការគ្រប់គ្រងសហគ្រាស គ្រឹះស្ថាន។
ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវស្គែនបែបបទទាំងនោះជាទម្រង់ PDF មិនលើសពី ៥MB រួចចុចពាក្យ “Choose File” ដើម្បីបញ្ចូលឯកសារនោះទៅតាមប្រភេទនៃបែបបទនីមួយៗនៅក្នុងប្រព័ន្ធ។
សំដៅដល់ការរក្សាទុកសៀវភៅបើកប្រាក់ឈ្នួល ឬបញ្ជីបើកប្រាក់ឈ្នួលតាមប្រព័ន្ធកុំព្យូទ័រ ដែលបានបើកផ្តល់ជូនកម្មករនិយោជិតកន្លងមកក្នុងរយៈពេល ៣ឆ្នាំ។
សហគ្រាស គ្រឹះស្ថានដែលទទួលឱ្យកម្មករនិយោជិតធ្វើការ និង/ឬបញ្ឈប់ពីការងារ ត្រូវធ្វើសេចក្ដីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកចេញ/ចូលឱ្យបានត្រឹមត្រូវ។
និយោជកដែលត្រូវប្រើប្រាស់ហត្ថពលកម្មបរទេសត្រូវស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសប្រចាំឆ្នាំ (កូតា)។ ហត្ថពលកម្មបរទេសដែលធ្វើការនៅក្នុងសហគ្រាស គ្រឹះស្ថាន ត្រូវពិនិត្យកាយសម្បទា, មានកិច្ចសន្យាការងារ និងបណ្ណការងារ/សៀវភៅការងារឱ្យបានត្រឹមត្រូវ។
ករណីនិយោជកកំពុងស្នើសុំបណ្ណ/សៀវភៅការងារជនបរទេស ប្រព័ន្ធនឹងបង្ហាញចំនួនដែលកំពុងផ្ទៀងផ្ទាត់ក្នុងចំនុចទី “៤. កំពុងផ្ទៀងផ្ទាត់បណ្ណ/សៀវភៅការងារចំនួន”។
ករណីចំនួន គ្មានបណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ បង្ហាញចំនួនអវិជ្ជមាន ដោយសារនិយោជកមិនបានធ្វើបច្ចុប្បន្នភាពទិដ្ឋការចេញរបស់កម្មករនិយោជិតដែលបានឈប់ពីសហគ្រាស គ្រឹះស្ថានរបស់ខ្លួន។ ជាហេតុនាំឱ្យចំនួនសៀវភៅការងារដែលបានស្នើសុំលើប្រព័ន្ធ LACMS មានចំនួនច្រើនជាងចំនួនកម្មករនិយោជិតខ្មែរដែលបានបំពេញក្នុងចំណុច ២.១។ ដូច្នេះ និយោជកត្រូវបំពេញសេវាសាធារណៈ បច្ចុប្បន្នភាពទិដ្ឋាការ "ចេញ" លើសៀវភៅការងារតាមប្រព័ន្ធ LACMS។
ករណីកម្មករនិយោជិតមានសៀវភៅការងារទម្រង់ចាស់នៅតែអាចបន្តប្រើប្រាស់បាន ប៉ុន្តែត្រូវបំពេញចំនួនសៀវភៅការងារទម្រង់ចាស់ ដែលមានក្នុងសហគ្រាស គ្រឹះស្ថានក្នុងចំណុចទី៣ នៃចំណុច ៣.៨ ឱ្យបានត្រឹមត្រូវ។
ក្នុងករណីនេះ អ្នកធ្វើស្វ័យប្រកាសអធិការកិច្ចការងារ ត្រូវពិនិត្យមើលចំនួនកម្មករនិយោជិតដែលមានបំពេញក្នុងម៉ឺនុយទី២ (ចំណុច២.១) ឱ្យបានត្រឹមត្រូវ។
ការហ្វឹកហ្វឺនកូនជាង សំដៅដល់កាតព្វកិច្ចរបស់ម្ចាស់ ឬនាយក សំដៅដល់កាតព្វកិច្ចរបស់នាយកគ្រឹះស្ថាន ឧស្សាហកម្ម ឬពាណិជ្ជកម្ម សិប្បករ ឬជាងម្នាក់ទទួល ឬប្រគល់ភារៈអប់រំវិជ្ជាជីវៈឱ្យបានពេញលេញ និងតាមរបៀបបច្ចេកទេស ដល់បុគ្គលម្នាក់ទៀតដែលចុះកិច្ចសន្យាថានឹងជួយធ្វើការក្នុងឋានៈជាកូនជាង តាមលក្ខខណ្ឌ និងថិរវេលាដែលបានព្រមព្រៀងគ្នា។ ថិរវេលានេះមិនលើសពីពីរឆ្នាំទេ។
សហគ្រាស គ្រឹះស្ថានដែលមានចំនួនកម្មករនិយោជិតសរុបចាប់ពី ៦១នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង/កម្មសិក្សា ចំនួន ១០ភាគរយនៃចំនួនកម្មករនិយោជិតសរុប។ សហគ្រាស គ្រឹះស្ថានដែលជាប់កាតព្វកិច្ចហ្វឹកហ្វឺនកូនជាងអាចបំពេញកាតព្វកិច្ចនេះ ដោយរៀបចំហ្វឹកហ្វឺនកូនជាង ឬការបង់ពន្ធអាករហ្វឹកហ្វឺនកូនជាង/កម្មសិក្សាប្រចាំឆ្នាំ។
"-កម្មសិក្សាការី សំដៅដល់សិស្ស និស្សិត ដែលបានសិក្សាចប់ផ្នែកទ្រឹស្តី នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ត្រូវមកអនុវត្តជាក់ស្តែង នៅសហគ្រាស គ្រឹះស្ថាន។ -អ្នកហាត់ការ សំដៅដល់បុគ្គល ដែលពុំមានជំនាញបច្ចេកទេសវិជ្ជាជីវៈនឹងត្រូវមកហាត់រៀន ហាត់ធ្វើទាំងផ្នែកទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅសហគ្រាស គ្រឹះស្ថាន។ -ការរៀបចំជំនាញឡើងវិញ (Reskilling) គឺជាកម្មករនិយោជិត កំពុងធ្វើការនៅសហគ្រាស គ្រឹះស្ថានផ្ទាល់ដែលត្រូវហ្វឹកហ្វឺនផ្លាស់ប្តូរជំនាញថ្មី។ -ការបង្កើនជំនាញ (Upskilling) គឺជាកម្មករ និយោជិត កំពុងធ្វើការនៅសហគ្រាស គ្រឹះស្ថានដែល ត្រូវហ្វឹកហ្វឺន បណ្តុះបណ្តាល បន្ថែមដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព។"
កិច្ចសន្យាសាកល្បងការងារ សំដៅដល់រយៈពេលមួយដែលអនុញ្ញាតឱ្យនិយោជកវិនិច្ឆ័យវិជ្ជាជីវៈនៃកម្មករនិយោជិត ហើយសម្រាប់កម្មករនិយោជិតស្គាល់យ៉ាងជាក់ច្បាស់នូវលក្ខខណ្ឌនៃការងារដែលគេផ្តល់ឱ្យ។
កិច្ចសន្យាសាកល្បងការងារមានរយៈពេលមិនលើសពី ៣ខែចំពោះនិយោជិត ២ខែចំពោះកម្មករឯកទេស និង១ខែចំពោះកម្មករធម្មតា។
កិច្ចសន្យាការងារកម្មករនិយោជិតពេញសិទ្ធិមាន ២ប្រភេទគឺ កិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) និងកិច្ចសន្យាការងារមានថិរវេលាកំណត់ (FDC) ។
ក្នុងករណីនេះ អ្នកធ្វើស្វ័យប្រកាសអធិការកិច្ចការងារ ត្រូវពិនិត្យមើលចំនួនកម្មករនិយោជិតដែលមានបំពេញក្នុងម៉ឺនុយទី២ (ចំណុច២.១) ឱ្យបានត្រឹមត្រូវ។
ការព្យួរកិច្ចសន្យាការងារគឺសំដៅដល់ការផ្អាកសកម្មភាពផលិតកម្ម អាជីវកម្មរបស់សហគ្រាស គ្រឹះស្ថាន ជាបណ្ដោះអាសន្នទាំងស្រុង ឬផ្នែកខ្លះ។ ការព្យួរកិច្ចសន្យាការងារត្រូវមានការអនុញ្ញាត និងស្ថិតក្រោមការត្រួតពិនិត្យរបស់អធិការការងារ។ ការព្យួរកិច្ចសន្យាការងារនេះ គឺគិតក្នុងឆ្នាំស្វ័យប្រកាស។
"- ប្រាក់ឈ្នួលទាបបំផុត សំដៅដល់ប្រាក់ឈ្នួលដែលកម្មករនិយោជិតបានទទួលតិចជាងគេក្នុងមួយខែ។ - ប្រាក់ឈ្នួលមធ្យម សំដៅប្រាក់ឈ្នួលដែលកម្មករនិយោជិតបានទទួលជាមធ្យមក្នុងមួយខែ។ មូលដ្ឋាននៃការគិតប្រាក់ឈ្នួលជាមធ្យម គឺយកប្រាក់ចំណាយសម្រាប់បើកប្រាក់ឈ្នួលកម្មករនិយោជិតសរុបចែកនឹងចំនួនកម្មករនិយោជិតសរុបក្នុងសហគ្រាស គ្រឹះស្ថាន។ - ប្រាក់ឈ្នួលខ្ពស់បំផុត សំដៅដល់ប្រាក់ឈ្នួលដែលកម្មករនិយោជិតបានទទួលច្រើនជាងគេក្នុងមួយខែ។ កម្រិតប្រាក់ឈ្នួលជាសាច់ប្រាក់នេះជាប្រាក់ឈ្នួលមិនទាន់កាត់ពន្ធ ហើយគិតរួមបញ្ចូលទាំងកម្មករនិយោជិតខ្មែរ និងបរទេស។"
ប្រាក់ឈ្នួលជាវត្ថុ សំដៅដល់សម្ភារប្រើប្រាស់ ឬគ្រឿងឧបភោគ ដែលបើកផ្ដល់ឱ្យកម្មករនិយោជិតមានជាអាទិ៍ អង្ករ ត្រីសាច់ ភេសជ្ជៈ និងសម្លៀកបំពាក់។
"- ប្រាក់ឈ្នួលតាមពេលវេលា៖ សំដៅដល់កាផ្ដល់ប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបំពេញការងារ និងបើកផ្ដល់ទៅតាមកាលកំណត់ជាប្រចាំខែ - ប្រាក់ឈ្នួលតាមបរិមាណផលិតផល (ដេរស៊ីបុង)៖ សំដៅដល់ការផ្ដល់ប្រាក់ឈ្នួលតាមបរិមាណផលិតផលការងារដែលកម្មករនិយោជិតម្នាក់ៗសម្រេចបាន។"
"-ប្រាក់បំណាច់អតីតភាពការងារ៖ សំដៅដល់ប្រាក់បំណាច់មួយដែលត្រូវផ្តល់ដោយនិយោជកសម្រាប់កម្មករនិយោជិតដែលប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ដែលស្មើនឹងចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ ដោយទូទាត់ ២ដង ក្នុង ១ឆ្នាំ គឺឆមាសទី១ (៧,៥ថ្ងៃ) និងឆមាសទី២ (៧,៥ថ្ងៃ)។ -ប្រាក់រង្វាន់អតីតភាពការងារ៖ សំដៅដល់ប្រាក់បើកផ្តល់ជូនកម្មករនិយោជិតក្នុងផ្នែកកាត់ដេរដែលមានអតីតភាពការងារលើសពីមួយឆ្នាំឡើងទៅ (គិតចាប់ពីឆ្នាំទី២ឡើងទៅ ឬចាប់ពីខែទី១៣) ដោយបើកចាប់ពី ២ដុល្លារ ដល់១១ ដុល្លារ អាស្រ័យលើអតីតភាពការងារកម្មករនិយោជិតម្នាក់ៗ។"
សំដៅដល់ការឈប់សម្រាកដោយមានប្រាក់ឈ្នួលដែលមានថិរវេលាមិនលើសពី៧ថ្ងៃក្នុង១ឆ្នាំរបស់កម្មករនិយោជិត ក្នុងករណីមានធុរៈផ្ទាល់ខ្លួនឬព្រឹត្តិការណ៍ប៉ះពាល់ដល់គ្រួសារកម្មករនិយោជិតមានដូចជា៖ ការរៀបអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន ប្រពន្ធសម្រាលកូន ការរៀបអាពាហ៍ពិពាហ៍កូន ប្តី ប្រពន្ធ កូន ឪពុក ម្តាយ មានជំងឺឬទទួលមរណភាព។
សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិតចាប់ពី ៥នាក់ ដល់ ៥០នាក់ ត្រូវបង្កើតក្រុមការងារអេដស៍។ ដោយឡែក សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិតចាប់ពី ៥១នាក់ឡើងទៅ ត្រូវបង្កើតគណៈកម្មការអេដស៍។
ការពិនិត្យកាយសម្បទាសំដៅដល់ការពិនិត្យនូវសារពាង្គកាយ និងសរីរាង្គរបស់កម្មករនិយោជិត ដើម្បីឱ្យបានដឹងថាមានកាយសម្បទា និងសរីរាង្គសមស្របទៅនឹងប្រភេទការងារ និងមុខរបរ ដែលកម្មករនិយោជិតនោះត្រូវធ្វើដែរឬទេ។
ការពិនិត្យកាយសម្បទាជាកាលិកសំដៅដល់ការពិនិត្យនូវសារពាង្គកាយ និងសរីរាង្គរបស់កម្មករនិយោជិតឡើងវិញ បន្ទាប់ពីបានចូលបម្រើការងារហើយ ដោយកម្មករនិយោជិតទាំងអស់ត្រូវទៅពិនិត្យសុខភាពតាមការកំណត់របស់អធិការការងារ។
សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិតតិចជាង២០ នាក់ ត្រូវរៀបចំប្រអប់សង្គ្រោះតាមកាលកំណត់ឱ្យបានត្រឹមត្រូវ។
"-អាហារដ្ឋាន សំដៅដល់កន្លែងលក់ ឬផ្តល់ម្ហូបអាហារដោយនិយោជកដល់កម្មករនិយោជិកបរិភោគនៅទីតាំងក្នុងបរិវេណសហគ្រាស គ្រឹះស្ថាន។ -កន្លែងបរិភោគអាហារ (រោង ឬបន្ទប់សម្រាប់ទទួលទានអាហារ) សំដៅដល់ទីកន្លែងនៅបរិវេណក្នុងសហគ្រាស គ្រឹះស្ថាន ដែលផ្ដល់ដោយនិយោជក សម្រាប់កម្មករនិយោជិតអាចចូលទៅអង្គុយបរិភោគអាហារ ដែលរៀបចំដោយខ្លួនឯង។ -អាគារូបដ្ឋាន សំដៅដល់គ្រឹះស្ថានដែលនិយោជកលក់ដោយផ្ទាល់ខ្លួន ឬដោយមានអ្នកជំនួស នូវគ្រឿងឧបភោគបរិភោគផ្សេងៗទៅឱ្យកម្មករនិយោជិតឬគ្រួសារជនទាំងនេះ ដើម្បីសេចក្តីត្រូវការផ្ទាល់ខ្លួន។ លក្ខខណ្ឌនៃការបើកលក់ក្នុងអាគាររូបដ្ឋាន មានចែងក្នុងមាត្រា៤២ នៃច្បាប់ស្ដីពីការងារ។"
សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិតចាប់ពី២០ ដល់៤៩នាក់ ត្រូវរៀបចំបន្ទប់រុំរបួសតាមកាលកំណត់ឱ្យបានត្រឹមត្រូវ។
សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិតចាប់ពី ៥០នាក់ ត្រូវរៀបចំគិលានដ្ឋាន ឬប្រើប្រាស់គិលានដ្ឋានរួម ឬមូលដ្ឋានសុខាភិបាលតាមកាលកំណត់ឱ្យបានត្រឹមត្រូវ។
"- គិលានដ្ឋានក្នុងសហគ្រាស សំដៅដល់ការរៀបចំគិលានដ្ឋានផ្ទាល់នៅក្នុងសហគ្រាស គ្រឹះស្ថាន - គិលានដ្ឋានរួម សំដៅដល់ការប្រើប្រាស់គិលានដ្ឋានរួមគ្នាដែលមានទីតាំងនៅជិតសហគ្រាស គ្រឹះស្ថាន មិនលើសពី ១គីឡូម៉ែត្រ ឬសហគ្រាស គ្រឹះស្ថានដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស - មូលដ្ឋានសុខាភិបាល សំដៅដល់ការប្រើប្រាស់មណ្ឌលសុខភាព/មន្ទីរពេទ្យឯកជនដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល និងមានចម្ងាយមិនលើសពី ២គីឡូម៉ែត្រពីសហគ្រាស គ្រឹះស្ថាន។"
សំដៅដល់សហគ្រាស គ្រឹះស្ថានដែលត្រូវចុះបញ្ជិកាជាមួយនឹង ប.ស.ស។
សំដៅដល់សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជិកាកម្មករនិយោជិតផ្នែកហានិភ័យការងារ និងថែទាំសុខភាពជាមួយនឹងប.ស.ស។
និយោជកមានកាតព្វកិច្ចបង់ភាគទានឱ្យកម្មករនិយោជិតផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ។ ភាគទាននេះ និយោជកមិនត្រូវកាត់យកពីប្រាក់ឈ្នួលរបស់កម្មករនិយោជិត ឬតម្រូវឱ្យកម្មករនិយោជិតបង់ឡើយ។ និយោជកត្រូវបង់ភាគទានតាមចំនួនកម្មករនិយោជិតជាក់ស្ដែង និងទៅតាមចំនួនប្រាក់ឈ្នួលដែលកម្មករនិយោជិតទទួលបាន។
ការដកយកភាគទានអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ សំដៅដល់និយោជកបានអនុវត្តការដកភាគទានដែលជាបន្ទុករបស់ភាគីនិយោជក និងកម្មករនិយោជិតបានត្រឹមត្រូវតាមច្បាប់។
សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិតចាប់ពី ៨នាក់ឡើងទៅ ត្រូវជាប់កាតព្វកិច្ចបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការកំណត់ក្នុងប្រកាសស្តីពីប្រតិភូបុគ្គលិកនៅក្នុងសហគ្រាស គ្រឹះស្ថាន។
សំដៅដល់អង្គការវិជ្ជាជីវៈដែលបង្កើតឡើងដោយកម្មករ និយោជិតដោយការរួបរួមគ្នា និងដោយការស្ម័គ្រចិត្តនៅក្នុងមូលដ្ឋាននៃសហគ្រាស គ្រឹះស្ថាននោះ។
អនុសញ្ញារួម គឺជាកិច្ចព្រមព្រៀងរវាងតំណាងកម្មករនិយោជិត និងនិយោជកស្តីពីការអនុវត្តលើលក្ខខណ្ឌការងារបានល្អជាងច្បាប់ ហើយត្រូវយកទៅចុះបញ្ជីនៅអង្គភាពទទួលបន្ទុក។
សំដៅដល់វិវាទដែលកើតឡើងរវាងនិយោជក និងកម្មករនិយោជិតម្នាក់ ឬច្រើននាក់ ឬអ្នករៀនធ្វើការម្នាក់ឬច្រើននាក់តាមរឿងរៀងៗខ្លួន ហើយទាក់ទងនឹងការបកស្រាយ ឬការអនុវត្ដបទប្បញ្ញត្ដិនៃកិច្ចសន្យាការងារ ឬកិច្ចសន្យាហ្វឹកហ្វឺនកម្មករនិយោជិត ឬបទប្បញ្ញតិ្ដការងារនៃអនុសញ្ញារួម ព្រមទាំងច្បាប់បញ្ញតិ្ដជាធរមានផង។
សំដៅដល់វិវាទដែលកើតឡើងរវាងនិយោជកម្នាក់ ឬច្រើននាក់ នឹងបុគ្គលិករបស់ខ្លួនមួយចំនួនអំពីរឿងលក្ខខណ្ឌការងារ ការប្រើប្រាស់សិទ្ធិដែលប្រគល់ឱ្យអង្គការវិជ្ជាជីវៈ ការត្រូវទទួលស្គាល់អង្គការវិជ្ជាជីវៈក្នុងសហគ្រាស បញ្ហានៃការទាក់ទងរវាងនិយោជក និងកម្មករនិយោជិត ហើយវិវាទនេះ អាចបណ្ដាលឱ្យសហគ្រាសប្រព្រឹត្ដទៅពុំបានស្រួល ឬធ្វើឱ្យខូចសន្ដិភាពសង្គម។
ចំណុចដែលត្រូវផាកពិន័យ សំដៅដល់លក្ខខណ្ឌអាទិភាពដាច់ខាត ដែលមិនអនុវត្តតាមច្បាប់នឹងទទួលរងការផាកពិន័យភ្លាមពីអធិការការងារ។
ករណីមាន "ចំណុចដែលត្រូវផាកពិន័យ" និយោជកត្រូវរៀបចំធ្វើការកែសម្រួលចំនុចដែលមិនទាន់អនុលោមទៅនឹងច្បាប់តាមចំនុចនីមួយៗ ឱ្យបានត្រឹមត្រូវ និងមុនពេលដែលអធិការការងារចុះធ្វើអធិការកិច្ចការងារ។ បើមិនដូច្នោះទេ សហគ្រាស គ្រឹះស្ថាន នឹងត្រូវទទួលរងការផាកពិន័យភា្លមៗពីអធិការការងារ ពេលចុះធ្វើអធិការកិច្ចការងារ។
ចំណុចដែលត្រូវដាក់កំហិត សំដៅដល់លក្ខខណ្ឌអាទិភាពចម្បង ដែលមិនអនុវត្តតាមច្បាប់នឹងទទួលរងការដាក់កំហិតពីអធិការការងារ។
សេវាសាធារណៈរបស់ក្រសួងដែលត្រូវធ្វើ សំដៅដល់សេវាសាធារណៈដែលម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានមានកាតព្វកិច្ចត្រូវបំពេញ និង/ឬកែតម្រូវស្របតាមច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យការងារ ក្នុងប្រព័ន្ធ LACMS។
អ្នកធ្វើស្វ័យប្រកាស ត្រូវជ្រើសរើសចម្លើយ និងបំពេញគ្រប់ចំណុចព័ត៌មានតម្រូវចាំបាច់ ក្នុងករណីមិនបានបំពេញប្រព័ន្ធនឹងទាមទារឱ្យមានការពិនិត្យ និងបំពេញឡើងវិញទៅតាមម៉ឺនុយ ដែលខ្វះព័ត៌មាន។
ក្រោយពេលចុចលើពាក្យ “OK” របាយការណ៍ស្វ័យប្រកាសនឹងត្រូវបានបញ្ចប់ និងមិនអាចកែសម្រួលទៀតឡើយ។
បើទោះបីជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានមិនចុចបញ្ចប់របាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក៏ដោយ នៅរាល់ដំណាច់ខែមិថុនា និងខែធ្នូ នៃឆ្នាំនីមួយៗ ប្រព័ន្ធនឹងធ្វើការបិទបញ្ចប់របាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដោយស្វ័យប្រវត្តិ។
ក្រោយបញ្ចប់ការធ្វើស្វ័យប្រកាសអធិការកិច្ចការងារ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវទាញយករបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារ ដើម្បីព្រីនចេញ ចុះហត្ថលេខា និងវាយត្រាសហគ្រាស គ្រឹះស្ថានគ្រប់ទំព័រ។ បន្ទាប់មក ត្រូវស្គែនរបាយការណ៍នោះជាទម្រង់ PDF មិនឱ្យលើសពី ១០MB រួចបញ្ចូលក្នុងប្រព័ន្ធ ព្រមទាំងត្រូវពិនិត្យមើលក្នុងរបកគំហើញចំណុចមិនត្រឹមត្រូវដោយប្រព័ន្ធស្វ័យប្រកាសអធិការកិច្ចការងារ ក្នុងករណីមានចំណុចអនុវត្តមិនបានត្រឹមត្រូវ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវកែតម្រូវនូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានក្នុងវិស័យការងារឱ្យបានត្រឹមត្រូវ។ ក្នុងករណីមិនកែតម្រូវចំណុចល្មើសណាមួយ អធិការការងារនឹងចាត់វិធានការតាមផ្លូវច្បាប់។